Thursday, May 9, 2019

វិសាខបូជា

បុណ្យវិសាខបូជា ឬ ពិសាខបូជា ត្រូវបានគេប្រារព្ធធ្វើឡើងដើម្បីរម្លឹក ឬឧទ្ទិសទៅដល់ ថ្ងៃប្រសូត ថ្ងៃត្រាស់ដឹង និងថ្ងៃបរិនិព្វាន របស់ព្រះសម្មាសម្ពុទ្ធបរមគ្រូ ។ ពិធីបុណ្យនេះ ត្រូវបានទទួលស្គាល់ជាបុណ្យអន្តរជាតិ ដោយអង្គការសហប្រជាជាតិនៅថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ ១៩៩៩ ហៅថា UN VESAKH ។ ព្រះសម្មាសម្ពុទ្ធបរមគ្រូនៃយើងទ្រង់ប្រសូតនៅថ្ងៃសុក្រ ១៥ កើត ខែពិសាខ ឆ្នាំ ច មុនគ្រិស្តសករាជ ៦២៣ ឆ្នាំ នៅសួនលុម្ពិនី នគរកបិលភស្តុ ។ ព្រះអង្គបានត្រាស់ដឹងជាព្រះសម្មាសម្ពុទ្ធនៅថ្ងៃពុធ ១៥ កើត ខែពិសាខ ឆ្នាំរកា ក្នុង ព្រះជន្មាយុ ៣៥ ឆ្នាំ នៅឧរុវេលាប្រទេសសេនានិគម ( បច្ចុប្បន្នហៅ ពុទ្ធគយា ក្នុងរដ្ឋពិហារ ប្រទេសឥណ្ឌ ) ។ ព្រះអង្គបរិនិព្វាននៅថ្ងៃអង្គារ ១៥ កើត ខែពិសាខ ឆ្នាំម្សាញ់ ក្នុងព្រះជន្ម ៨០ ព្រះវស្សា នៅក្នុងនគរកុសិនារា ។ ល ។ *** ពិធីបុណ្យវិសាខបូជាឆ្នាំនេះ ( ឆ្នាំ ២០១៩ ) ប្រារព្ធធ្វើនៅថ្ងៃសៅរ៍ ១៥ កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ពុទ្ធសករា ២៥៦២ ត្រូវនឹងថ្ងៃទី ១៨ ខែឧសភា ឆ្នាំ ២០១៩ ( Saturday, May 18, 2019 ) ។ សូមពុទ្ធបរិស័ទទាំងអស់តាំងចិត្តប្រកបដោយធម៌មេត្តា ករុណា និងរក្សាសីល ៥ ទាំងអស់គ្នា នៅក្នុងថ្ងៃបុណ្យវិសាខបូជា ។ ... វ.ស.ភ